ថ្នាក់ក្រោមជាតិ

កិច្ចប្រជុំក្រុមការងារពិគ្រោះយោបល់លើរបាយការណ៍បឋមស្តីពីការអង្កេតវាយតម្លៃសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ

កិច្ចប្រជុំក្រុមការងារពិគ្រោះយោបល់លើរបាយការណ៍បឋមស្តីពីការអង្កេតវាយតម្លៃសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ
………………………..
សាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. អគារ (V) ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិគ្រោះយោបល់លើរបាយការណ៍បឋមស្តីពីការអង្កេតវាយតម្លៃសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍បឋមស្តីពីការអង្កេតវាយតម្លៃសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងមតិស្វាគមន៍ និងបើកកិច្ចប្រជុំ ឯកឧត្តម ឈុន ប៊ុនណារ៉ា បានលើកឡើងថា កម្មវិធីជាតិដំណាក់កាលទី២ដែលត្រូវអនុវត្តពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ បានកំណត់នូវគោលបំណងច្បាស់លាស់ គឺ “ការលើកកម្ពស់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែលម្អដំណើរការផ្តល់សេវា ដើម្បីរួមចំណែកលុបបំបាត់ភាពក្រីក្រលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង”។

ឯកឧត្តមក៏បានបន្ថែមទៀតថា ដើម្បីធានាសម្រេចបាននូវគោលបំណងខាងលើនេះ ក្នុងកម្មវិធីជាតិ ដំណាក់កាលទី២ បានកំណត់នូវគោលដៅជាក់លាក់គឺ “ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានភាពទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងសមធម៌សង្គមនៅក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ”។

សូមជម្រាបជូនថា ដោយមានការគាំទ្រពីគម្រោង “ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ” (STA Project) ដែលបានទទួលហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប. បានជ្រើសរើស និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ASKL Service and Consulting Inc ក្នុងការធ្វើអង្កេតវាយតម្លៃសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនេះឡើង ដើម្បីបង្កើតបានជាសន្ទស្សន៍សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសន្ទស្សន៍ដើមគ្រាមួយក្នុងចំណោមសន្ទស្សន៍យុទ្ធសាស្រ្តដើមគ្រាទាំងបី (សន្ទស្សន៍អភិបាលកិច្ច សន្ទស្សន៍ការផ្តល់សេវា និងសន្ទស្សន៍សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ) សម្រាប់វាស់វែងកម្រិតនៃការសម្រេចបាននូវគោលបំណង និងគោលដៅនៃកម្មវិធីជាតិ ដំណាក់កាលទី២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. UNDP GIZ សមាជិក សមាជិកានៃក្រុមការងារពិគ្រោះយោបល់គម្រោង STA និងក្រុមហ៊ុន ASKL សរុបចំនួន២៥រូប ស្រី០៧រូប៕