kpostnews - ព័ត៌មានថ្នាក់ជាតិ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត

ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីទាក់ទាញអ្នកទេសចរបានច្រើន ខណៈដែលសក្តានុពលតំបន់ទេសចរណ៍នៅរាជធានីភ្នំពេញមានលក្ខណៈសម្បូរបែប។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថាខណ្ឌនីមួយៗ គប្បីធ្វើការប្រកួតប្រជែងជំរុញវិស័យទេសចរណ៍ ដោយរកចំណុចពិសេសក្នុងខណ្ឌរបស់ខ្លួន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ ជាក់ស្តែង តំបន់កោះដាច់ មានទាំងតម្បាញសូត្រ ទេសភាពដងទន្លេ និងវត្តអារាមចំណាស់ៗ ដែលអាចកែច្នៃនិងកែលម្អដើម្បីទាក់ទាញអ្នកទេសចរ។
ឆ្លៀតក្នុងឱកាសនោះដែរក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានសម្រេចរួមគ្នាកៀរគរថវិកាដើម្បីសាងសង់អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារដែលអគារចាស់មានសភាពចាស់ទ្រុឌទ្រោម និងត្រូវបានទុកចោលយូរឆ្នាំមកហើយ។