kpostnews

ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តព្រះសីហនុ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីស្ថានភាពអ្នកជាប់ឃុំ (ពិរុទ្ធជន និងទណ្ឌិត) និងបញ្ហាប្រឈម ការលំបាក និងសំណូមពរ នារសៀលថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំរោង សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦…។

ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈប្រតិភូ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅពន្ធនាគារខេត្តព្រះសីហនុផងដែរ។

លោកឧត្តមអគារនុរក្សថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្តព្រះសីហនុ បានជម្រាបជូនប្រធានប្រតិភូពីស្ថានភាពទូទៅ នៃការគ្រប់គ្រង និងការអប់រំកែប្រែជនជាប់ឃុំ កម្មវិធីអប់រំទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងការស្តារនីតិសម្បទា លទ្ធភាពសហការនាពេលអនាគត ដើម្បីគាំទ្រការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។

ឯកឧត្តមប្រធាន បានថ្លែងនូវអរគុណចំពោះបដិសណ្ឋារកិច្ចរបស់លោកប្រធានពន្ធនាគារ និងអរគុណចំពោះរបាយការណ៍យ៉ាងច្បាស់លាស់ ពីស្ថានភាពជនជាប់ឃុំ ដោយគោរពនូវច្បាប់ស្តីពីការគ្រប់គ្រងពន្ធនាគារ បទដ្ឋានសិទ្ធិមនុស្ស ពិសេសសិទ្ធិជនជាប់ឃុំ។

ឯកឧត្តមបានកោតសរសើរដល់ប្រធានពន្ធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការរៀបចំពន្ធនាគារឱ្យមានទីកន្លែងទូរលាយ បរិស្ថានស្អាត មានវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាព មានជំនាញច្បាស់លាស់ គោរពបាននូវគោលការណ៍មនុស្សធម៌  គោលការណ៍សិទ្ធិមនុស្ស ប្រែក្លាយជនជាប់ឃុំជាធនធានមនុស្សនៅពេលពួកគេបានត្រឡប់ទៅរួមរស់ក្នុងសហគមន៍វិញ។

ក្រោយពីបញ្ចប់កិច្ចពិភាក្សារួចមក គណៈប្រតិភូ បានអញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ ប៉ុស្តិ៍សុខភាព អគារសិប្បកម្ម អគារឃុំឃាំង និងសំណង់អគារផ្សេងៗ ដែលកំពុងដំណើរការសាងសង់ និងពិនិត្យមើលស្ថានភាពការរស់នៅរបស់ជនជាប់ឃុំជាក់ស្ដែងផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន