នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់អន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារកសិកម្ម កសិ-ឧស្សាហកម្ម មកពិនិត្យដំណើរការនៃសកម្មភាពរោងចក្រកៀបយកប្រេងគ្រាប់ក្នុងផ្លែដូងប្រេង ដែលមានកម្លាំងផលិត៦០តោនក្នុងមួយថ្ងៃ និងរោងចក្រចម្រាញ់កៀបយកសាច់ក្រៅផ្លែដូងប្រេង ដែលមានកម្លាំងផលិត៦០តោនក្នុងមួយម៉ោង។ តម្លៃប្រេងដូងឆៅឡើងចុះៗជាធម្មតា ប៉ុន្តែសម្រាប់តម្លៃបច្ចុប្បន្ននេះគឺល្អ ។ បន្តមកបានអញ្ជើញដឹកនាំក្រុមការងារមកពិនិត្យថ្នាលបណ្ដុះកូនដូងប្រេងចំនួន ១០០,០០០ដើម គ្រោងនឹងយកទៅដាំជំនួសដើមដូងប្រេងចាស់ហួសអាយុ នាដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។ ការវិនិយោគទៅលើការដាំ និងរោងចក្រកែច្នៃនេះ បានផ្តល់ការងារមិនចេះរីងស្ងួតជូនបុគ្គលិក កម្មករ ដោយផ្ទាល់ និងដោយប្រយោលប្រមាណជាជិតមួយម៉ឺននាក់ ។
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារកសិកម្ម កសិ-ឧស្សាហកម្ម អញ្ជើញពិនិត្យដំណើរការរោងចក្រផលិតកែច្នៃចំណីសត្វ ដែលអាចផលិតចំណីសត្វបានជាមធ្យម៧០០តោនក្នុងមួយថ្ងៃ។ រោងចក្រនេះអាចជួយប្រមូលទិញកសិផលពីកសិករ ដូចជា កន្ទក់ ចុងអង្ករ ដំឡូងមីហាលស្ងួត និងពោតក្រហម៕ល៕ បើគិតជាទឹកប្រាក់ប្រមាណជាជាងសែសិបលានដុល្លារសហរដ្ឋអាមេរិក នឹងអាចជួយផ្តល់ការងារជាងមួយម៉ឺនកន្លែង ដល់ប្រជាជនកម្ពុជា ដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងជួយកាត់បន្ថយការនាំចូលចំណីសត្វ សាច់សត្វជាច្រើនប្រភេទមកពីបរទេសផងដែរ ។ បន្ទាប់មកឯកឧត្តមបណ្ឌិតបានបន្តដំណើរមកពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រ ដែលបាននិងកំពុងតែនាំគ្នាសម្រុកជីកស្រះបាតក្រោមទំហំ 10m x 50m មាត់លើទំហំ 20m x 60m x 6m សរុបទាំងអស់ចំនួន២១ស្រះសម្រាប់ចិញ្ចឹមត្រីយកទៅផ្គត់ផ្គង់នៅលើទីផ្សារ ។











