ខេត្តកណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលខេត្តកណ្តាល និងអង្គការទស្សនៈពិភពលោកអន្តរជាតិ បានរៀបចំកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ថ្នាក់ជាតិ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោមអធិបតីភាព ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
កម្មវិធីទស្សនកិច្ចនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឱ្យក្រសួង ស្ថាប័ន សមាជិក សមាជិកានៃក្រុមការងារគណនេយ្យភាពសង្គមថ្នាក់រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធបានសិក្សាស្វែងយល់ និងចែករំលែកមេរៀនបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក ដោយផ្តោតលើការសម្របសម្រួល គាំទ្រ និងការវិភាជថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៃរដ្ឋបាលខេត្តកណ្តាលក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
កម្មវិធីទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី ខេត្ត មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់រាជធានី ខេត្ត តំណាងអង្គការសង្គមស៊ីវិល និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុបប្រមាណ១០២រូប ស្រី១៦រូប។
សូមគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាគំរូមួយសម្រាប់រដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំដំណើរទស្សនកិច្ចផ្លាប់ប្តូរបទពិសោធន៍ថ្នាក់ខេត្ត ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅតាមបណ្ដារាជធានី ខេត្តនីមួយៗ និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នាឆ្នាំ២០២៦ ខាងមុខ៕ រូបភាពពីលេខាធិដ្ឋានគ.ជ.អ.ប.













