kpostnews - ព័ត៌មានថ្នាក់ជាតិ

កិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមលើកទី១០ របស់ធនាគារពិភពលោក

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គម តំណាងខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមលើកទី១០ របស់ធនាគារពិភពលោក។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលនូវគោលបំណង និងកម្មវិធីនៃបេសកម្មគាំទ្រការអនុវត្តគម្រោង ព្រមទាំងផែនការសកម្មភាពព្រមព្រៀងគ្នាកាលពីបេសកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩។
ឯកឧត្តម ម៉ាអុន ម៉ាអូណាត បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសរដ្ឋាភិបាលអូស្ត្រាលី ធនាគារពិភពលោក និងអង្គការសង្គមស៊ីវិលជាដៃគូដែលបានគាំទ្រ និងចូលរួមចំណែកអនុវត្តការងារគណនេយ្យភាពសង្គម ព្រមទាំងឯកភាពក្នុងការពន្យារពេលការអនុវត្តគម្រោងរហូតដល់ដំណាច់ឆ្នាំ២០២៦ ដើម្បីសម្រេចឱ្យបាននូវគោលបំណង និងលទ្ធផលគម្រោងសម្រាប់ធានានូវនិរន្តរភាពការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ សង្កាត់ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិ និង ISD/GIZ សរុបចំនួន២៧រូប ស្រី៧រូប។
សូមគូសបញ្ជាក់ដែរថា បេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមលើកទី១០ របស់ធនាគារពិភពលោកត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលនូវវឌ្ឍនភាព បញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពបន្ទាប់ ដើម្បីធានាពង្រឹងការរអនុវត្តគម្រោង ក៏ដូចជាការងារគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕